សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ក្រមបរិស្ថាន និងធនធានធម្មជាតិ

Speeches Shim

Thursday, 22 March, 2018
  • សូមគោរពឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
  • សូមគោរពឯកឧត្តម លោកជំទាវ លោក លោកស្រី

តាងនាមអោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាចំពោះការចូលរួមក្នុងរយៈពេលពីរឆ្នាំកន្លងមក ក៏ដូចជាការចូលរួមនាថ្ងៃនេះផងដែរ ដើម្បីអភិវឌ្ឍក្រមបរិស្ថាននិងធនធានធម្មជាតិ។ ខ្ញុំចង់អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាបណ្តាក្រសួងផ្សេងៗទៀតចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍក្រមនេះ។ នេះគឺជាដំណើរការដ៏យូរអង្វែងមួយដែលបានបញ្ចូលសំឡេងរបស់អ្នកតំណាងជាច្រើនរបស់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីធានាថាការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានឹងពិចារណាលើបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។

ក្រមនេះបានដាក់បញ្ចូលគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាពទៅគ្រប់ផ្នែកទាំងអស់នៃសង្គម និងសេដ្ឋកិច្ច។ ក្រមន្រះអនុវត្តនៅគ្រប់សា្ថប័នរដ្ឋាភិបាលទាំងអស់ ហើយបង្កើតនូវវិធីសាស្រ្តរួមមួយដែលមាន លក្ខណៈប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងអភិរក្សធនធានធម្មជាតិទាំងអស់។

នៅមុនសិក្ខាសាលានេះ ខ្ញុំបានជួបតំណាងមកពីសង្គមស៊ីវិលរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ហើយខ្ញុំ ចង់ចែករំលែកអ្វីដែលខ្ញុំបានឮ។ ពួកគេទាំងអស់គ្នាបានកោតសរសើរដល់ឱកាសសម្រាប់សង្គមស៊ីវិលចូលរួមក្នុង ដំណើរការធ្វើសេចក្តីព្រាងក្រមនេះ។ ពួកគេបានបញ្ជាក់ថាមតិយោបល់ និងកង្វល់ជាច្រើនរបស់ពួកគេត្រូវបានបញ្ចូល នៅក្នុងកំណែបច្ចុប្បន្ននេះ។ នេះបង្ហាញពីការចូលរួម និងឆន្ទរបស់ក្រសួងបរិស្ថានក្នុងការស្តាប់អ្នកពាក់ព័ន្ធទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ សមាជិកសង្គមស៊ីវិលបានលើកឡើងពីសារៈសំខាន់នៃការធ្វើអោយស្រប និងការមិន ខ្ទាស់នៃក្រមច្បាប់នេះជាមួយមានច្បាប់និងបទបញ្ជាដែលមានស្រាប់។ លើសពីនេះទៀត ពួកគេទន្ទឹងរង់ចាំការសន្ទនា បន្តជាមួយនឹងតួនាទីដែលបានកំណត់សម្រាប់សង្គមស៊ីវិលក្នុងការបង្កើតគោលនយោបាយនិងបទបញ្ជាថ្មីៗដែល គាំទ្រការអនុវត្តក្រមនេះប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែការងារនេះមិនទាន់បញ្ចប់នៅឡើយទេ ហើយព្រឹត្តិការណ៍ ថ្ងៃនេះគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមជាបន្ត។

ទីភ្នាក់ងារជំនួយអាមេរិក USAID មានក្តីសោមនស្សរីករាយដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តួច ផ្តើមកំណែទម្រង់អភិបាលកិច្ចបរិស្ថាន ដើម្បីគ្រប់គ្រងនិងការពារធនធានធម្មជាតិឱ្យមាននិរន្តរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

 ឯកឧត្តម លោកជំទាវ លោក លោកស្រី! 

យើងពិតជាមានភ័ព្វវាសនាដោយបានរស់នៅក្នុងប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីចម្រុះ។ យើងបានប្រមូលផ្តុំគ្នានៅទីនេះដោយសារយើងដឹងថាបរិស្ថានរបស់ប្រទេសកម្ពុជាត្រូវការការយកចិត្តទុកដាក់ ការថែរក្សា ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ដើម្បីធានាថាវាត្រូវបានការពារនិងថែរក្សា  ហើយធន ធានរបស់វាត្រូវបានទាញយកប្រកបដោយនិរន្តភាពដើម្បីឱ្យកូនៗ និងចៅៗរបស់យើងមានឱកាសរីករាយ និង ស្វែងយល់ពីព្រៃឈើ ទន្លេ និងបឹងនានានៅកម្ពុជា។

ការរួមចំណែក និងមតិយោបល់របស់អ្នកទាំងអស់គ្នាពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាថាក្រមនេះមានតម្លាភាពខ្ពស់និងប្រកបដោយបរិយាបន្ន។

ខ្ញុំសូមបញ្ចប់ដោយការអបអរសាទរចំពោះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តួនាទីដឹកនាំ និងតួនាទីសម្របសម្រួលក្នុងការបង្កើតក្រមនេះឡើង។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នានូវសិក្ខាសាលាដែលទទួលបានជោគជ័យ និងការពិភាក្សាប្រកបដោយផ្លែផ្កា។ នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការមួយដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។ ខ្ញុំទន្ទឹងរង់ចាំការចូលរួមរបស់អ្នក ខណៈដែលយើងសម្លឹងមើលទៅការអនុម័ត និងការអនុវត្តក្រមនេះនាពេលអនាគត។

អរគុណច្រើន! 

Phnom Penh
Issuing Country