សិក្ខាសាលាស្តីពីការរៀបចំផែនការកម្មវិធី WASH-FIN

Speeches Shim

Thursday, 12 October, 2017
Remarks by Dr. Sang Lee, Food Security & Environment Team, USAID Cambodia, WASH-FIN/Cambodia Program Planning Workshop
  • សូមគោរព ឯកឧត្តម ជា​ សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទ
  • សូមគោរពតំណាងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ដៃគូអង្គការសង្គមស៊ីវិល
  • សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាទីមេត្រី!

តាងនាមឲ្យស្ថានទូតសហរដ្ឋអាមេរិក និងទីភ្នាក់សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ប្រចាំ​​នៅ​​កម្ពុជា ​ខ្ញុំមានសេចក្តីរីករាយដែលបានមកកាន់ទីនេះ ដើម្បីបើកសិក្ខាសាលាស្តីពីការរៀបចំផែនការកម្ម​វិធី WASH-FIN នៅក្នុងប្រទេសកម្ពុជា។ គម្រោង WASH-FIN ឬហៅថាគម្រោងហិរញ្ញវត្ថុសម្រាប់ទឹក​ស្អាត និងអនាម័យដែលជាគម្រោងសកម្មភាពសកលមួយមានរយៈពេលប្រាំឆ្នាំផ្តល់​មូល​និធិ​​ដោយទីភ្នាក់ងារ USAID និងអនុវត្តគម្រោងដោយអង្គការ Tetra Tech។ នៅក្នុងប្រទេសកម្ពុជា គម្រោង WASH-FIN នឹង​ជួយ​ដល់អ្នកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យអាចទទួលបាននូវទឹកប្រាក់ដើម្បីបញ្ចប់គម្លាតហិរញ្ញប្បទាន​ក្នុង​ការផ្គត់ផ្គង់ទឹកស្អាត។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ WASH-FIN ប្រចាំប្រទេស និង​ដៃគូរសហការសំខាន់ៗនានាដូចជាសមាគមន៍ផ្គត់ផ្គង់ទឹកកម្ពុជា ឬ CWA ដើម្បីណែនាំពួកគេឲ្យបានដឹង​អំពី​អ្នកផ្គត់ផ្គង់ទឹកឯកជនមួយចំនួន។

ជាពិសេស ខ្ញុំមានសេចក្តីរីករាយសូមជម្រាបជូនសិក្ខាកាមទាំងអស់ឲ្យបានជ្រាបថា៖ ទីភ្នាក់ងារ USAID កំពុងបន្តសហការសម្របសម្រួលក្រុមការងារបច្ចេកទេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាមួយ​ក្រមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាដៃគូរយូរអង្វែងរបស់ទីភ្នាក់ងារ USAID លើ​គម្រោងទាំងអស់របស់យើងពាក់ព័ន្ធនឹងកម្មវិធីអាហារូបត្ថម្ភ និងគម្រោង WASH។ ដូចដែលអ្នកទាំងអស់​បានជ្រាបហើយថា ទីភ្នាក់ងារ USAID បានផ្តល់សារៈសំខាន់ដល់ការធ្វើឲ្យប្រសើរឡើងនូវអាហារូបត្ថម្ភ​សម្រាប់​កុមារ​តូចៗ​តាមរយៈកម្មវិធី និងសកម្មភាពនានាដូចពេលនេះដែលទទួលស្គាល់យ៉ាងជាក់លាក់នូវ​ទំនា​ក់ទំនងផ្ទាល់រវាងបញ្ហាទឹកស្អាត អនាម័យ និងសុខភាព។

គោលដៅនៃគម្រោង WASH-FIN នៅកម្ពុជាគឺគាំទ្រដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជននានាឲ្យ​បំពេញ​នូវ​កិច្ច​ព្រម​ព្រៀង​ប្រាក់កម្ចីជាមួយធនាគារពាណិជ្ជកម្មនានា ដើម្បីពង្រីកសេវាទឹកស្អាត និងអនាម័យ ព្រមទាំងធ្វើឲ្យសេវាផ្គត់ផ្គង់របស់ពួកគេកាន់តែប្រសើរឡើង។ គោលដៅនេះនឹងអាចសម្រេចបានតាមរយៈ​ការផ្តល់ជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាពនៃប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន ស្ថាប័នហិរញ្ញវត្ថុក្នុង​ស្រុក ព្រមទាំងអ្នកពាក់ព័ន្ធនានាក្នុងវិស័យទឹកស្អាត និងអនាម័យ។

ខ្ញុំសូមអបអរសាទរដល់ប្រទេសកម្ពុជា សម្រាប់វឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់ដែលបានទទួលនា ទស្សវត្សកន្លងទៅ ជាពិសេសការទទួលបាននូវសេវាទឹកស្អាត និងអានាម័យ។ ទោះជាយ៉ាងណា នៅមានកិច្ចការជាច្រើនទៀតដែលនឹងបន្តធ្វើ។ ប្រទេសកម្ពុជានៅតែជាប្រទេសដែលទទួលបាននូវសេវទឹក​ស្អាត​ទាប​ជាង​គេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតាមការប៉ាន់ស្មានមានប្រជាជនប្រមាណតែ ២១% ប៉ុណ្ណោះដែលទទួលបាននូវសេវាទឹកស្អាតក្នុងឆ្នាំ ២០១៥។ មានប្រជាជននៅតាមតំបន់ជនបទប្រមាណ ៧% ដែលមានទឹកស្អាតប្រើប្រាស់នៅផ្ទះរបស់ពួកគេ ខណៈដែលនៅទីប្រជុំជនមានរហូតដល់ ៧៥%។ បច្ចុប្បន្ននៅតាមបណ្តាខេត្ត និងតំបន់ជនបទមួយចំនួនកំពុងទទួលបានសេវាទឹកស្អាតតាមរយៈអ្នកផ្គត់ផ្គង់​ឯកជន។ ដោយសារតែការទទួលបានសេវាទាប ព្រមទាំងភាពខុសគ្នារវាងទីប្រជុំជន និងជនបទ រាជរដ្ឋាភិ​បាលកម្ពុជាបានផ្តល់អាទិភាពដល់ការបង្កើនល្បឿនសេវាប្រើប្រាស់ទឹកស្អាតដោយចាប់ដៃគូជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន។ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ វិធីសាស្ត្រនេះគឺមានលក្ខណៈ​ប្លែក​គេ និងមានការរីកចម្រើន។

ជាទូទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតេកជន គឺជាសហគ្រាសធុនតូច​ និងមធ្យម ឬ SMEs។ ប៉ុន្មានវ​ឆ្នាំកន្លងទៅទីភ្នាក់ងារ USAID កម្ពុជាបានជួយដល់សហគ្រាសធុនតូច និងមធ្យមជាច្រើនឲ្យពង្រីកជំនួញ​របស់ខ្លួនក្រោមគម្រោងមីក្រូសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់យើង។ គម្រោងនេះបានភ្ជាប់ទឹក​ស្អាតដល់គ្រួសារប្រមាណ ១០,០០០គ្រួសារក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម និងក្រចេះ។ ទីភ្នាក់ងារ USAID ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយណែនាំការធ្វើកំណែទម្រង់លើវិស័យនេះទាំងមូលតាម​រយៈ​ការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បើបង្កើតសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ ឈរលើ​ជោគ​ជ័យនេះ យើង​កំពុងជម្រុញការងារបន្ថែមទៀតក្នុងការបង្កើនទឹកស្អាតសម្រាប់បរិភោគតាមរយៈប្រព័ន្ធ និង​​វិធីសាស្ត្រ​នានាដែលរឹងមាំ និងមាននិរន្តរភាព។

ទីភ្នាក់ងារUSAID គាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា​ដើម្បីឈានដល់គោលដៅនៃការពង្រីកប្រព័ន្ធ​ផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគ និងមានការរំភើបដោយបានគាំទ្រគម្រោង WASH-FIN ដើម្បីឈានទៅ​សម្រេចគោលដៅនេះ។

ថ្ងៃនេះ យើងទាំងអស់គ្នានៅទៅនេះដើម្បីចែករំលែកបទពិសោធន៍រួមរបស់យើងលើវិស័យទឹក​ស្អាត​នៅកម្ពុជា រៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងកំណត់នូវមធ្យោបាយដើម្បីសហការ។ ខ្ញុំទន្ទឹងរង់​ចាំ​មើល​នូ​វកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាមួយ ដែលនឹងជួយរៀបចំសកម្មភាព WASH-FIN ដើម្បីឲ្យគម្រោង​នេះ​​​​អាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប។

សូមអរគុណ!

Phnom Penh
Issuing Country