Speeches Shim
- សូមគោរពឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា
- សូមគោរពលោកស្រីសាស្ត្រាចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
- សូមគោរពលោកសាស្ត្រាចារ្យបណ្ឌិត ឡាំ អេងហួរ អនុប្រធានគណៈគ្រូពេទ្យកម្ពុជា
- សូមគោរពលោកស្រី ហែម ណាវី ប្រធានគណៈឆ្មបកម្ពុជា
- សូមគោរពលោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាយិការ
- ភ្ញៀវកិត្តិយសទាំងអស់
ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយអ្នកទាំងអស់គ្នា។ វិស័យវាយនភ័ណ្ឌ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយយើងទាំងអស់គ្នាសុទ្ធតែរួមចំណែកក្នុងការថែរក្សាអោយសេដ្ឋកិច្ចនេះមានភាពរឹងមាំ។ ប្រជាជនដែលមានសុខភាពល្អ ស្ត្រីដែលមានសុខភាពល្អ គឺមានសារៈសំខាន់សម្រាប់ផលិតភាពនៃវិស័យវាយនភ័ណ្ឌ ប៉ុន្តែពួកគាត់រឹតតែមានសារៈសំខាន់ខ្លាំងថែមទៀតសម្រាប់កម្ពុជាក្នុងនាមជាមាតា ជាបងប្អូនស្រី និងជាកូនស្រី។ ចូរយើងទាំងអស់គ្នាចងចាំនូវចំណុចនេះ ដោយសារយើងធ្វើការរួមគ្នា។
ការអនុម័តនូវច្បាប់ថ្មីមួយនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដោយសារច្បាប់នេះបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងអាជីពក្នុងវិស័យសុខាភិបាល និងធានានូវគុណភាពនៃសេវាសុខាភិបាលនៅទូទាំងប្រទេស។ ច្បាប់នេះក៏នឹងជួយគណៈគ្រូពេទ្យ គណៈឆ្មប និងគណៈគិលានុបដ្ឋាយិការតាមរយៈការពង្រឹងភាពជាដៃគូជាមួយក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍសុខាភិបាល និងអ្នកទាំងអស់គ្នាដែលជាតំណាងមកពីបណ្តារោងចក្រសម្លៀកបំពាក់ និងវិស័យឯកជន។
ការចូលរួមរបស់អ្នកទាំងអស់គ្នា រួមជាមួយអ្នកតំណាងមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ GMAC និងក្រុមហ៊ុនម៉ាកសម្លៀកបំពាក់គឺមានសារៈសំខាន់។ វាបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អ្នកទាំងអស់គ្នាក្នុងការដាក់អោយច្បាប់ថ្មីនេះអនុវត្តបានជោគជ័យ និងជាពិសេសទៅទៀតនោះ គឺធ្វើអោយប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈការពង្រឹងគុណភាពសេវាសុខាភិបាល។
ការពង្រឹងយន្តការបទបញ្ញត្តិសម្រាប់អាជីពសុខាភិបាលត្រូវបានទទួលស្គាល់ថាជាចំណុចអាទិភាពមួយក្នុង ចំណោមចំណុចអាទិភាពគន្លឹះមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅជួយធានានូវគុណភាព និងសុវត្ថិភាពនៃសេវាសុខាភិបាលក្នុងប្រទេស។ សេវាសុខាភិបាលដែលមានគុណភាពខ្ពស់ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនគឺមានសារៈសំខាន់ដើម្បីធ្វើអោយប្រជាជនមានសុខភាពល្អ និងដើម្បីឱ្យមានផលិតភាពល្អ។
សិក្ខាសាលាថ្ងៃនេះ គឺពិសេសណាស់ ព្រោះវាមិនមែនត្រឹមតែចែករំលែកកព័ត៌មានអំពីច្បាប់ថ្មីប៉ុណ្ណោះទេ តែវាក៏អនុញ្ញាតអោយអ្នកប្រកបអាជីពសុខាភិបាលដែលបម្រើការងារនៅតាមរោងចក្រសម្លៀកបំពាក់បានយល់ និងបំពេញនូវការតម្រូវការនានាសម្រាប់ការចុះឈ្មោះ និងការផ្តល់អាជ្ញាប័ណ្ណដូចដែលបានចែងកំណត់ក្នុងច្បាប់។
ការបង្កើត និងអនុម័តច្បាប់នេះ គឺជាឧទាហរណ៍មួយនៃការគាំទ្រដ៏មានសារៈសំខាន់ និងរយៈពេលវែងដែលទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ ដើម្បីជួយប្រែក្លាយវិស័យសុខាភិបាលកម្ពុជា និង បានចូលរួមចំណែកជួយអោយប្រទេសមានស្ថេរភាព និងកាន់តែជោគជ័យថែមទៀត។
ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំត្រឹមនេះ ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមការងារនែគម្រោងសុខភាពកម្មករដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.