កិច្ចប្រជុំថ្នាក់ជាតិស្តីពីការសិក្សា និងការឆ្លុះបង្ហាញនូវការផ្សារភ្ជាប់គ្នារវាងសហគមន៍ និងអាជ្ញាធរថ្នាក់ក្រោមជាតិសម្រាប់ការអនុវត្ត និងអភិបាលកិច្ចធនធានធម្មជាតិ

Speeches Shim

Thursday, 11 May, 2017
កិច្ចប្រជុំថ្នាក់ជាតិស្តីពីការសិក្សា និងការឆ្លុះបង្ហាញនូវការផ្សារភ្ជាប់គ្នារវាងសហគមន៍ និងអាជ្ញាធរថ្នាក់ក្រោមជាតិសម្រាប់ការអនុវត្ត និងអភិបាលកិច្ចធនធានធម្មជាតិ
កិច្ចប្រជុំថ្នាក់ជាតិស្តីពីការសិក្សា និងការឆ្លុះបង្ហាញនូវការផ្សារភ្ជាប់គ្នារវាងសហគមន៍ និងអាជ្ញាធរថ្នាក់ក្រោមជាតិសម្រាប់ការអនុវត្ត និងអភិបាលកិច្ចធនធានធម្មជាតិ
  • សូមគោរពឯកឧត្តម ង៉ាន់ ចម្រើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន​ប្រតិបត្តិ​លេខាធិការ​ដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ​
  • សូមគោរពអង្គការដៃគូរអភិវឌ្ឍនានា
  • ភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព

ក្នុងនាមទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងគម្រោងគាំទ្រព្រៃឈើ និង​ជីវៈចម្រុះ ខ្ញុំសូម​ថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវ​កិត្តយសទាំងអស់ដែលបាន​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ។ កិច្ចប្រជុំនេះ​បានពិភាក្សាគ្នាយ៉ាងរស់រវើក និងប្រកប​ដោយ​​ការស្ថាបនាលើប្រធានបទស្តីពីការគ្រប់គ្រងធនធាន​ព្រៃ​ឈើក្នុងប្រទេសកម្ពុជា ជាពិសេសការពិភាក្សាក្នុងថ្នាក់​សហគមន៍។​

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញអ្នកចូលរួមនាថ្ងៃនេះដោយមានតំណាងអោយក្រុមដែលមានបទពិសោធន៍ និងចំណេះដឹងខុសៗគ្នា ក្នុងនោះរួមមានក្រុមអភិវឌ្ឍសហគមន៍ អង្គការសង្គមស៊ីវិល ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិផងដែរ។

ការផ្តល់មតិយោបល់និងទស្សនៈដ៏មានតម្លៃពីគ្រប់តំណាងទាំងអស់នៅលើវេទិកាតែមួយដូច្នេះ គឺមានសារៈ​សំខាន់ណាស់សម្រាប់គោលដៅរួមរបស់យើងក្នុងការការពារធនធានធម្មជាតិរបស់​កម្ពុជា។ បទពិសោធន៍ និង​បញ្ហាទាំងឡាយដែលយើងពិភាក្សាថ្ងៃនេះជុំវិញការគ្រប់គ្រងធនធាន​ធម្មជាតិដូចជា៖ ការធ្វើល្បាតរួមគ្នា និងការបំពេញ​ការងារជាមួយសហគមន៍ព្រៃឈើ គឺស្ថិតក្នុង​ការ​គាំទ្រដោយផ្ទាល់ចំពោះការអំពាវនាវជាបន្ទាន់របស់រាជរដ្ឋាភិ​បាល​កម្ពុជាដើម្បីពង្រឹងការ​គ្រប់​គ្រងធនធានធម្ម​ជាតិ។ ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថាបញ្ហាគ្រប់គ្រងធនធាន​ធម្មជាតិ​​ត្រូវ​បាន​លើកឡើងក្នុងសារាចរលេខ ៥ ដែលបានប្រកាសនាចុងឆ្នាំ ២០១៦នេះ​របស់​រាជរដ្ឋាភិបាលកម្ពុជា។

ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិមានមោទនភាពក្នុងការគាំទ្រដល់យុទ្ធសាស្ត្រគ្រប់គ្រងធនធាន ធម្មជាតិទាំងឡាយដែលអ្នកទាំងអស់គ្នាបានពិភាក្សាក្នុងថ្ងៃនេះ ពីព្រោះវាបង្ហាញ​ថាយើងទាំងអស់គ្នាមិនត្រឹមតែ​កំពុងផ្តោតលើការឆ្លើយតបចំពោះបញ្ហាមួយៗប៉ុណ្ណោះទេ តែយើង​កំពុងធ្វើការដើម្បីពង្រឹងប្រព័ន្ធទាំងមូលពាក់​ព័ន្ធ​នឹងវិធីសាស្ត្រនៃការគ្រប់គ្រងធនធានធម្មជាតិ។

ប្រព័ន្ធក្នុងស្រុកត្រូវបានបង្កើតឡើងដោយអ្នកពាក់ព័ន្ធផ្សេងគ្នាជាច្រើន ដែលមានទំនាក់ទំនងគ្នា​ទៅវិញទៅមក។ ប្រព័ន្ធនោះអនុលោមទៅតាមច្បាប់ និងវិធានមួយស្មុគស្មាញ  ហើយតួអង្គទាំង​ឡាយ​មានតួនាទី និងការ​ទទួលខុសត្រូវផ្សេងៗគ្នា។ កិច្ចការដែលយើងកំពុងអនុវត្តរួមគ្នា គឺមាន​ឥទ្ធិពលខ្លាំង ដោយសារយើងកំពុងធ្វើការ​ពង្រឹងប្រព័ន្ធទាំងមូលអោយកាន់តែរឹងមាំឡើង។ ប្រសិន​បើយើងអាចធ្វើកិច្ចការនេះបានត្រឹមត្រូវ យើងប្រាកដជា​អាចរៀនសូត្រពីកិច្ចការដែល​យើង​កំពុងធ្វើ ហើយដែលអាចមានឥទ្ធិពលខ្លាំងទៅលើការគ្រប់គ្រងធនធានធម្ម​ជាតិ​ក្នុងឃុំទាំង​ឡាយនៅទូទាំងប្រទេសកម្ពុជា។

ដូច្នេះ តើអ្វីជាជំហ៊ានបន្ទាប់? ក្តីរំពឹងរបស់យើង​ គឺថាយើងអាចរៀនសូត្រពីគំនិតផ្តួចផ្តើមទាំងនេះ ហើយបន្ត​ពង្រឹង​ប្រព័ន្ធទាំងឡាយដែលកំណត់ពីរបៀបធ្វើសេចក្តីសម្រេចចិត្ត និងរបៀបនៃការ​វិនិយោគ​ធនធាននានាប្រកប​ដោយភាពច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ។

ការប្រឈមរបស់យើង គឺជាបទបិសោធន៍ដែលអាចស្វែងរកមធ្យោបាយរក្សា និងអនុវត្តជាថ្មីនូវ​សកម្មភាពល្អៗ​របស់យើងនៅទូទាំងប្រទេស។​ កិច្ចការនេះនឹងតម្រូវអោយមានការផ្តល់ធនធាន​ប្រកបដោយនិរន្ត​ភាព តួនាទី និងការទទួលខុសត្រូវច្បាស់លាស់ ព្រមទាំងសំខាន់បំផុតនោះ គឺឆន្ទះរឹងមាំក្នុងការអនុវត្តការងារពី​អ្នកពាក់ព័ន្ធទាំងឡាយ។

ជាថ្មីម្តងទៀត ជួសមុខអោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ និងប្រជាជន​អាមេរិក ខ្ញុំសូមថ្លែង​អំណរ​គុណចំពោះការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈរបស់អ្នកទាំងអស់គ្នាក្នុងការរួម​គ្នា​ដោះស្រាយបញ្ហាប្រឈមដ៏​ស្មុគស្មាញជុំវិញការគ្រប់គ្រងធនធានធម្មជាតិរបស់កម្ពុជា។ យើង​ខ្ញុំ​សូមអបអរសាទរ និងកោតសរសើរចំពោះ​ភាពជាអ្នកដឹកនាំរបស់អ្នកទាំងអស់គ្នា ហើយសូម​លើកទឹកចិត្តដល់អ្នកទាំងអស់គ្នាអោយបន្តកិច្ចប្រឹងប្រែងនេះ​បន្ថែមទៀត។ សូមអរគុណផងដែរ​ចំពោះការចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាមួយយើងទាំងអស់​គ្នាថ្ងៃនេះ ដើម្បី​បង្ហាញពីសារៈសំខាន់នៃសិក្សា​ និងបទពិសោធន៍របស់អ្នកទាំងអស់គ្នាទៅវិញទៅមក។​ សូមប្រើប្រាស់នូវអ្វីដេលយើងបានសិក្សាថ្ងៃនេះ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុង​កសាង​ប្រទេសកម្ពុជា​ដ៏រឹងមាំមួយ។

សូមអរគុណ! 

Phnom Penh
Issuing Country