Speeches Shim
- សូមគោរព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ
- សូមគោរព ឯកឧត្តម ង៉ោ ប៊ុនថាន់ សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម
- សូមគោរពភ្ញៀវកិត្តិយស លោក លោកស្រីជាទីមេត្រី!
សូមថ្លែងអំណរគុណសម្រាប់ឱកាសឡើងថ្លែងសុន្ទរកថាក្នុងពិធីសន្និសីទអន្តរជាតិលើកដំបូងស្តីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភនាពេលនេះ។ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមជាមួយសិក្ខាកាមដែលអញ្ជើញពីបណ្តាប្រទេសផ្សេងៗគ្នាចំនួន ១៥ប្រទេស។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN) និងសកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានរៀបចំនូវព្រឹត្តិការណ៍នេះឡើង។
វាមានសារៈសំខាន់ណាស់ក្នុងការប្រមូលផ្តុំនូវទស្សនៈល្អៗដើម្បីទប់ទល់នឹងបញ្ហានានាដែលពិភពលោក កំពុងប្រឈម។ ការប្រឈមមួយចំនួនដូចជា៖ កំណើនតម្រូវការផលិតកម្មចំណីអាហារ ហានិភ័យនៃការរិចរឹលផ្នែកបរិស្ថាន និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃថាមវន្តសង្គម បន្តចោទជាបញ្ហាប្រឈមស្មុគស្មាញចំពោះការផ្គត់ផ្គង់ចំណីអាហារសម្រាប់ប្រជាជននៅលើពិភពលោក។
ខ្ញុំពុំមែនជាអ្នកឯកទេសកសិកម្មដូចអ្នកទាំងអស់គ្នានោះទេ។ មានការងារជាច្រើនដែលយើងខ្ញុំត្រូវសិក្សារៀនសូត្រពីអ្នកទាំងអស់គ្នា។ មូលហេតុមួយដែលទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តល់ការគាំទ្រដល់សន្និសីទនេះគឺប្រពលវប្បកម្មនិរន្តរភាព គឺជាវិធីសាស្ត្រផលិតកម្មមួយដែលជួយបង្កើនប្រសិទ្ធិភាពធនធាន និងលើកកម្ពស់ផលិតភាពកសិកម្មដោយមិនប៉ះពាល់ដល់គុណភាព និង ការផ្គត់ផ្គង់ទឹករបស់យើង។ លើសពីនេះ ប្រពលវប្បកម្មនិរន្តរភាពមានសក្តានុពលក្នុងការបង្កើនផលិតកម្មចំណីអាហារដែលមានសុវត្ថិភាព ខណៈវាជួយធ្វើឲ្យប្រសើរឡើងនូវភាពធន់ទ្រាំរបស់កសិករតូចតាចតាមរយៈការជម្រុញការប្រើប្រាស់បច្ចេកវិទ្យាបរិយាកាសវៃឆ្លាត និងការបង្កើនប្រាក់ចំណូល។
ទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទនភាពចំពោះភាពជាដៃគូជាមួយសកលវិទ្យាល័យភូមិន្ទកសិកម្ម។ យើងបានចាប់ដៃគូបង្កើតមជ្ឈមណ្ឌល CE SAIN ហើយតាមរយៈឧទ្យានបច្ចេកវិទ្យារបស់ខ្លួន មជ្ឈមណ្ឌលនេះបង្ហាញនូវបច្ចេកវិទ្យាប្រពលវប្បកម្មនិរន្តរភាពជាច្រើន ក៏ដូចជាបច្ចេកវិទ្យាមន្ទីរពិសោធន៍នវានុវត្តន៍របស់កម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតផងដែរ។ ឧទ្យានបច្ចេកវិទ្យា គឺជាទីកន្លែងសម្រាប់អ្នកស្រាវជ្រាវ អ្នកបណ្តុះបណ្តាលផ្នែកកសិកម្ម និងវិស័យឯកជនអាចធ្វើឲ្យវិស័យកសិកម្មរបស់កម្ពុជាកាន់តែមានការរីកចម្រើនឡើងថែមទៀត។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដែលមានគម្រោងកំពុងអនុវត្តក្នុងប្រទេសកម្ពុជា ដាក់បង្ហាញនូវការស្រាវជ្រាវរបស់ខ្លួននៅតាមបណ្តាឧទ្យានបច្ចេកវិទ្យាទាំងនោះ។
អស់រយៈកាលជិត១៥ឆ្នាំហើយដែលសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសមាជិកនៃសកលវិទ្យាល័យនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការងាររួមគ្នា។ កិច្ចប្រឹងប្រែងរបស់ពួកគេបានចេញជារូបរាងនៃការស្រាវជ្រាវដើម្បីឈានទៅកាន់ការគ្រប់គ្រងសត្វល្អិតចង្រៃចម្រុះ ការដោះស្រាយបញ្ហាក្រោយការប្រមូលផល ផលិតកម្មចំណីអាហារមានប្រភពពីសាច់សត្វដែលប្រសើរជាងមុន និងមធ្យោបាយកាន់តែប្រសើរក្នុងការផលិតស្រូវអង្ករ បន្លែបង្ការ និងត្រី។ ភាពជាដៃគូរបស់យើងបានធ្វើឲ្យសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់កសិករកម្ពុជា និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង។ មូលហេតុនេះហើយយើងខ្ញុំចង់ឃើញភាពជាដៃគូឲ្យកាន់តែរឹងមាំថែមទៀតរវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយសកលវិទ្យាល័យដ៏ទៃទៀតរបស់កម្ពុជា។
ខ្ញុំក៏សូមអបអរសាទរដល់សកលវិទ្យាល័យភូមិន្ទកសិកម្ម មិនចំពោះតែមន្ទីរពិសោធន៍ ឬបន្ទប់ស្រាវជ្រាវនោះទេ ប៉ុន្តែក៏ចំពោះការចេញទៅកាន់មូលដ្ឋានផ្ទាល់ដើម្បីនាំឲ្យមានការប្រែប្រួលពិតប្រាកដមួយក្នុងជីវិតកសិករកម្ពុជា។ បច្ចុប្បន្ន កសិករជាច្រើនកំពុងបង្កើនចំណូលរបស់ខ្លួនដោយការការលក់នូវបន្លែដែលពួកគេប្រើប្រាស់បច្ចេកទេសដែលអ្នកទាំងអស់គ្នាបានបង្កើត និងចម្រុញការប្រើប្រាស់។ ជាឧទាហរណ៍ ការស្រាវជ្រាវវិធីសាស្ត្រគ្រប់គ្រងសត្វល្អិតចង្រៃចម្រុះ និងការធ្វើស្រែ បានបង្កើនប្រាក់ចំណូលដល់កសិករក្នុងចន្លោះពី ១៥០ដុល្លារ ដល់ ២០០ដុល្លារក្នុងមួយឆ្នាំ។ ប្រាក់ចំណូលបន្ថែមនេះអនុញ្ញាតឲ្យពួកគេទិញសៀវភៅ និងសម្លៀកបំពាក់សម្រាប់កូនៗរបស់ពួកគេ ផ្តល់នូវការថែទាំវេជ្ជសាស្ត្រ និងអាចឲ្យពួកគេវិនិយោគបន្ថែមទៀតក្នុងការងារស្រែចំការរបស់ខ្លួន។
ខ្ញុំមានសេចក្តីរំភើបដែលឯកឧត្តម លោក លោកស្រីនឹងទៅធ្វើទស្សនកិច្ចនៅឧទ្យានបច្ចេកវិទ្យាក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលនៅទីនោះអ្នកនឹងបានឃើញនូវបច្ចេកវិទ្យាទាំងឡាយដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នវានុវត្តន៍នានា។ លើសពីនេះ អ្នកនឹងបានឃើញនូវរបៀបសិស្សវិទ្យាល័យសិក្សាពីការស្រាវជ្រាវកសិកម្ម និងចាប់ផ្តើមកសាងអាជីពការងារក្នុងវិស័យកសិកម្ម។ ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងច្រើន ហើយប្រសិនបើប្រទេសនេះបន្តលូតលាស់ យុវជនកម្ពុជាត្រូវការចាំបាច់បន្ថែមទៀតនូវការបណ្តុះបណ្តាលដើម្បីចូលទៅកាន់ទីផ្សារការងារ និងដើម្បិប្រែក្លាយគំនិតរបស់ពួកគេទៅជាការពិត។ ដើម្បីធ្វើដូច្នេះបាន យើងចាំបាច់ត្រូវមានខ្លឹមសារសិក្សា និងថ្នាក់រៀនទំនើប ដែលអាចផ្តល់ដល់ប្រជាជនវ័យក្មេងទាំងនោះនូវឧបករណ៍ដែលពួកគេត្រូវការដើម្បីនាំមកនូវគំនិតថ្មី និងជម្រុញវិស័យកសិកម្មមួយដែលមានការវិវត្តន៍ជាលំដាប់។ មជ្ឈមណ្ឌល CE SAIN អនុវត្តដូច្នេះតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យអាចបន្តឧត្តមសិក្សារបស់ខ្លួននៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីឲ្យពួកគេអាចជួយដល់ខេត្តរបស់ខ្លួនវិញនៅថ្ងៃណាមួយ។
សន្នីសិទរយៈពេលពីរថ្ងៃនេះ មិនមែនគ្រាន់តែជាកាលានុវត្តភាពសម្រាប់សិក្សាពីវិសាលភាពនៃការស្រាវជ្រាវដែលអនុវត្តនៅទីនេះដោយសកលវិទ្យាល័យភូមិន្ទកសិកម្ម និងមជ្ឈមណ្ឌល CE SAIN នោះទេ ប៉ុន្តែក៏ជាឱកាសសិក្សារៀនសូត្រពីអ្នកទាំងអស់គ្នាដែលមកពីទ្វីបផ្សេងៗគ្នា និងប្រព័ន្ធកសិកម្មផ្សេងគ្នា។ យើងសង្ឃឹមថាកិច្ចពិភាក្សា បទបង្ហាញ និងការចុះទៅកាន់ទីតាំងអនុវត្តនឹងជួយឲ្យអ្នកបានយល់ពីវិធីសាស្ត្រដែលអាចច្របាច់បញ្ចូលក្នុងបច្ចេកវិទ្យាប្រពលវប្បកម្មនិរន្តរភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង ជាពិសេសជួយដល់កសិករខ្នាតតូច។
សូមថ្លែងអំណរគុណចំពោះការមកជួបជុំនៅទីនេះ។ យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការបំពេញការងារជាមួយអ្នក និងផ្តល់កិច្ចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីបង្រឹងវិស័យកសិកម្ម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ខ្ញុំមានមោទនភាពចំពោះអ្វីដែលយើងបានបំពេញរួមគ្នាកន្លងមក ហើយខ្ញុំទន្ទឹងរង់ចាំមើលនូវសមិទ្ធិផលច្រើនបន្ថែមទៀតនាពេលអនាគត៕
សូមអរគុណច្រើន!
Comment
Make a general inquiry or suggest an improvement.