ពិធីសម្ពោធសួនឧទ្យានបច្ចេកវិទ្យានៃ មជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មនិរន្តរភាព និងអាហារូបត្ថម្ភ

Speeches Shim

Tuesday, 1 August, 2017
Opening of Feed the Future-funded Technology Park in Battambang Province by USAID Cambodia Mission Director and Minister of Agriculture
ពិធីសម្ពោធសួនឧទ្យានបច្ចេកវិទ្យានៃ មជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មនិរន្តរភាព និងអាហារូបត្ថម្ភ
USAID/Michael Gebremedhin
  • សូមគោរព ឯកឧត្តម វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • សូមគោរព ឯកឧត្តម ចាន់ សុផល អភិបាលខេត្តបាត់ដំបង
  • សូមគោរព ឯកឧត្តម ង៉ោ ប៊ុនថាន់ សាកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម
  • សូមគោរព លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសកលវិទ្យាល័យបាត់ដំបង
  • សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!

ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយ ដោយបានចូលរួមសម្ពោធឧទ្យានបច្ចេកវិទ្យាដំបូងក្នុងចំណោម​សួនចំនួនប្រាំរបស់មជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មនិរន្តរភាព និងអាហារូបត្ថម្ភ ឬហៅថា CE SAIN។ ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលវិទ្យាល័យ​បាត់​​​​​ដំបងសម្រាប់ការរៀបចំកម្មវិធីនេះឡើង។ ខ្ញុំក៏សូមសម្តែងនូវអំណរគុណចំពោះ​ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម ង៉ោ ប៊ុនថាន់ ដែលបានចូលរួមជាមួយរូបខ្ញុំ និងលោកឯកអគ្គរដ្ឋ​ទូត វីល្លៀម ហៃដ៍ នាឱកាសពិធីសម្ពោធដាក់អោយប្រើប្រាស់នូវមជ្ឈមណ្ឌលឧត្តមភាពនៃ​ប្រពលវប្បកម្ម​និរន្តរ​ភាព​ និងអាហារូបត្ថម្ភកាលពីខែកញ្ញាឆ្នាំមុន។

គោលដៅរបស់មជ្ឈមណ្ឌល CE SAIN គឺធ្វើការផ្លាស់ប្តូរប្រព័ន្ធម្ហូបអាហារកសិកម្មតាម​រយៈការ​ស្រាវជ្រាវ ការអប់រំ និងរបកគំហើញថ្មីក្នុងវិស័យកសិកម្ម។ ការផ្លាស់ប្តូរនេះ គឺប្រែ​ក្លាយ​ផលិត​កម្ម​ស្បៀង​អាហារ​ពីវិធីសាស្ត្រដែលពឹងផ្អែកលើដី និងកម្លាំងពលកម្មច្រើន ហើយ​ប៉ះ​ពាល់​ដល់បរិស្ថានទៅ​ជាវិធី    សា​ស្ត្រ​ដែល​ជួយ​លើកកម្ពស់បរិស្ថានវិញម្តង។ វិធីសាស្ត្រនេះត្រូវបានគេស្គាល់ថាប្រពលវប្បកម្ម​និរន្តរភាព។ ប្រពលវប្បកម្មនិរន្តរភាព ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធិភាពធនធាន​ និងផលិតភា​ព​ដោយ​មិនធ្វើអោយ​ខូចខាតដល់ដី ឬទឹករបស់យើង។ គោលដៅនេះ ក៏ដូចជាសកម្មភាពទាំងឡាយក្នុង​វិស័យកសិកម្មរបស់​ទីភ្នាក់ងារ USAID គឺអនុលោម និងគាំទ្រដល់គោលបំណងនានាដែលបានដាក់​ចេញក្នុងផែនការយុទ្ធ​សាស្ត្រ​អភិវឌ្ឍ​កសិ​កម្ម​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឧទ្យានបច្ចេកវិទ្យាបែបនេះ គឺជាមជ្ឈមណ្ឌលសម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកប្រតិបត្តិនានាធ្វើការ​អភិ​វឌ្ឍ ធ្វើតេស្តសាកល្បង ធ្វើការបង្ហាញ និងធ្វើការចែករំលែកនូវបច្ចេកវិជ្ជាថ្មីៗ និងមានសក្តានុពល​ខ្ពស់​ជាមួយប្រព័ន្ធប្រពលវប្បកម្មកសិកម្មប្រកបដោយនិរន្តរភាព។ ឧទ្យានបច្ចេកវិទ្យាទាំងនេះនឹង​រៀប​ចំតម្រូវ​​​ទៅ​តាមប្រព័ន្ធផលិតកម្មកសិកម្មនៅតាមតំបន់ក្សេត្របរិស្ថាននានាក្នុងប្រទេសកម្ពុជា។ ឧទ្យានទាំងនេះក៏នឹង​បង្ហាញនូវបច្ចេកវិទ្យា និងរបកគំហើញថ្មីៗទៅកាន់កសិករ ដើម្បីជួយអោយទិន្នផលរបស់ពួកគេមានការ​កើនឡើង ព្រមទាំងធ្វើអោយដីកាន់តែមានគុណភាពផងដែរ។

ឧទ្យានទាំងនេះត្រូវបានរចនាឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគរបស់ឯកជនក្នុងវិស័យស្រាវជ្រាវ ដើម្បីអភិវឌ្ឍនូវបច្ចេកវិទ្យាដែលអាចនឹងលក់ទៅអោយកសិករ និងអ្នកបម្រើការក្នុងវិស័យកសិ​កម្មដ៏ទៃទៀត។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នានាតួយ៉ាងដូចជា៖ ពិពណ៌របកគំហើញថ្មី និងសិក្ខា​សាលា​នឹងត្រូវរៀបចំឡើងសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្មរាប់ទាំងកសិករខ្នាតតូច រហូតដល់អ្នកបោះដុំ ដើម្បី​អោយអ្នកទាំងអស់នោះអាចស្វែងរកបាននូវបច្ចេកវិទ្យាចុងក្រោយបំផុត។ ឧទ្យានបច្ចេកវិទ្យាក៏នឹងក្លាយជា​ទី​តាំងសម្រាប់អ្នកវិទ្យាសាស្ត្រពីសកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ដែលជាដៃគូរបស់សកលវិទ្យា​ល័យ​​​ក្នុងស្រុកអាចបង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន ព្រមទាំងធ្វើការជាមួយអ្នកប្រើប្រាស់ចុង​ក្រោយដូចជា៖ កសិករ អ្នកផ្គត់ផ្គង់ និងអ្នកឯកទេសជាដើម។

ត្រូវចងចាំថា យើងទាំងអស់គ្នាកំពុងតែនិយាយអំពីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ កសិករដូចជា អៀង ចរិយា និង ផង់ សារ៉េត នៅស្រុកពួក ខេត្តសៀមរាបដែលខ្ញុំបានជួបកាលពីដើមឆ្នាំ​នេះ។​ ពួកគេបានបង្កើនផលិតកម្មបន្លែរបស់ខ្លួនពីពីរដង ទៅប្រាំដងក្នុងមួយឆ្នាំ ហើយបានបង្កើនប្រាក់​ចំណូលរបស់ខ្លួនជិតបីដង បន្ទាប់ពីពួកគេបានអនុវត្តនូវបច្ចេកវិទ្យាកសិកម្មថ្មីដែលទទួលបានពីការស្រាវ​ជ្រាវរបស់សកលវិទ្យាល័យនៅសហរដ្ឋអាមេរិកដែលជាដៃគូរបស់សកលវិទ្យាល័យភូមិន្ទកសិកម្ម ។

សូម ចរិយា និងសារ៉េត ក្រោកឈរឡើងដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់។ សូមអររគុណ​ដែល​​បានមកចូលរួមជាមួយយើងថ្ងៃនេះ។ អ្នកទាំងអស់គ្នាជួបជជែកជាមួយអ្នកទាំងពីរដើម្បីស្វែងយល់​អំពីបទពិសោធន៍របស់ពួកគេ។ ពួកគេទាំងពីនាក់ គឺជាឧទាហរណ៍មួយដ៏ល្អសម្រាប់គរួសារធម្មតាមួយក្នុង​ខេត្តសៀមរាប។ ស្វាមីជាអ្នកដាំបន្លែ និងជាសមាជិកនៃសហករណ៍កសិកម្ម។ ភរិយាជាអ្នកប្រមូល និង​លក់​បន្លែទៅកាន់ទីផ្សារក្នុងស្រុក។ ចំណូលទទួលបានពីការដាំដុះ និងការលក់បន្លែពិតជាមានសារៈ​សំខាន់​សម្រាប់ក្រុមគ្រួសារពួកគេ។ កូនៗរបស់ពួកគេអាចបានចូលរៀន  ហើយអាចទទួលបាននូវអាហារដែល​មានជីវជាតិផងដែរ។

ខ្ញុំសង្ឃឹមថាកសិករក្នុងខេត្តបាត់ដំបងនេះក៏នឹងទទួលបាននូវផលប្រយោជន៍ដូចគ្នានេះផងដែរ។

ដូចដែលខ្ញុំបានលើកឡើងពីខាងដើម ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស​ដោយបានមកចូលរួមជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះ​សកល​វិទ្យា​ល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យបាត់ដំបង ឯកឧត្តមអភិបាលខេត្តបាត់ដំបង ព្រមទាំង​ក្រសួកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

សូមអរគុណ! 

ខេត្តបាត់ដំបង
Issuing Country