Speeches Shim
- សូមគោរព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា
- សូមគោរព ឯកឧត្តម ហែម ដារឹទ្ធ អភិបាលខ័ណ្ឌពោធិសែនជ័យ
- សូមគោរព លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា
- សូមគោរពលោក Dana Bolden នាយកកិច្ចការសាធារណៈ និងទំនាក់ទំនងនៃក្រុមហ៊ុន Bottling Investment Group
- សូមគោរពលោក Eric Welsh នាយកផ្នែកប្រតិបត្តិការសកលនៃមជ្ឈមណ្ឌល EKO
- សូមគោរពសហការីពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន
- សូមគោរពបុគ្គលិកក្រុមហ៊ុនកូកា កូឡា ភ្ញៀវកិត្តិយស លោក លោកស្រីជាទីមេត្រី!
ខ្ញុំមានសេចក្តីរីរាយណាស់ដោយបានមកចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ (EKO-Center) ដំបូងបង្អស់របស់ក្រុមហ៊ុន កូកាកូឡា កម្ពុជា ដែលចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះពីរោងចក្រផលិតដបដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន កូកាកូឡា កម្ពុជា ដែលបានសាង់ឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រផលិតដបនេះឆ្លុះបង្ហាញពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីទាក់ទាញការវិនិយោគបរទេស។ ជោគជ័យនោះទទួលបានតាមរយៈក្របខ័ណ្ឌវិនិយោគបើកចំហរមួយ តំបន់សេដ្ឋកិច្ចពិសេសទំនើបៗ ភាពប្រសើរឡើងនៃការគ្រប់គ្រងពន្ធ ព្រមទាំងកំណែទម្រង់ដែលមានលក្ខណៈអំណោយផលដល់វិស័យធុរកិច្ច។ ខ្ញុំជឿជាក់ថាវិនិយោគិនបរទេសផ្សេងទៀត ហើយសង្ឃឹមថាវិនិយោគិនអាមេរិកច្រើនទៀត នឹងមើលឃើញនូវវត្តមានរបស់ក្រុមហ៊ុន កូកា កូឡា ថាជានិម្មិតរូបនៃសក្តានុពលរបស់ប្រទេសកម្ពុជា និងជាសញ្ញាមួយបង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ធុរកិច្ច។ រដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែធ្វើការដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា យើងនៅទីនេះជាមួយអ្នក។ ការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងអស់ គឺជាអាទិភាពរបស់យើង ហើយអ្វីដែលសំខាន់នោះ គឺការលើកកម្ពស់កិច្ចអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ទាំងអស់នេះគឺជាមូលហេតុដែលនាំឲ្យយើងបានជួបជុំគ្នានៅថ្ងៃនេះ។
មជ្ឈមណ្ឌល EKO-Center នេះតំណាងឲ្យតម្លៃជាច្រើនរបស់ក្រុមហ៊ុន កូកាកូឡា។ ក្រុមហ៊ុន កូកាកូឡា ត្រូវបានគេស្គាល់ច្បាស់តាមរយៈការអនុវត្តយ៉ាងល្អប្រសើរនូវគោលការណ៍ទទួលខុសត្រូវរបស់សង្គមសាជីវកម្មរបស់ខ្លួន ជាពិសេសការប្តេជ្ញាចិត្តជាសកលក្នុងការផ្តល់អំណាចដល់ស្ត្រី។ លើសពីនេះ ខ្ញុំពិតជាសប្បាយរីករាយចំពោះគំនិតផ្តួចផ្តើមសកលរបស់ក្រុមហ៊ុន កូកា កូឡា ក្នុងការនាំមកនូវទឹកស្អាត ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងមជ្ឈមណ្ឌលសហគមន៍ទៅកាន់ក្រុង និងភូមិនានានៅជុំវិញពិភពលោក។
ក្នុងបរិបទនេះ ខ្ញុំមានមោទនភាពក្នុងការនិយាយថាទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រុមហ៊ុន កូកា កូឡាកម្ពុជា បានឯកភាពរួមគ្នាកសាងនូវភាពជាដៃគូសាធាណៈ និងឯកជនមួយ ដើម្បីពង្រីកការងារជួយដោយផ្ទាល់ដល់ប្រជាជនកម្ពុជាតាមរយៈការបណ្តុះបណ្តាលផ្នែកធុរកិច្ច ឱកាសការងារ និងការទទួលបាននូវសេវាទឹកស្អាត។ កិច្ចគាំទ្ររបស់ទីភ្នាក់ងារ USAID នឹងជួយធានាថាចំណុចទាំងអស់ខាងលើនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលងាយទទួលរងគ្រោះដោយការជួញដូរមនុស្ស ជាពិសេសស្ត្រី។ ភាពជាដៃគូនេះក៏នឹងជួយផ្តល់នូវរទេះរុញដល់ស្ត្រីចំនួន ២០នាក់នៅតាមទីជនបទ ដើម្បីឲ្យពួកគេអាចលក់ផលិតផលកូកា កូឡា ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់ពួកគេផងដែរ។ ប្រសិនបើការងារដំណើរការបានរលូន ក្រុមហ៊ុនកូកាកូឡា និងទីភ្នាក់ងារ USAID នឹងធ្វើការសិក្សាពីលទ្ធភាពពង្រីកចំនួននៃការផ្តល់រទេះរុញបន្ថែមទៀត។
ការកំណត់នូវប្រភពដ៏គួរឲ្យជឿជាក់សម្រាប់ការចិញ្ចឹមជីវិតបែបនេះ គឺជាគន្លឹះសម្រាប់ការទប់ស្កាត់ការជួញដូរមនុស្ស។ ក្រុមហ៊ុន កូកាកូឡា នឹងធ្វើការយ៉ាងជិតស្និតជាមួយអង្គការ Winrock International ដែលជាដៃគូរបស់ទីភ្នាក់ងារ USAID ដើម្បីជួយដល់កិច្ចប្រឹងប្រែងនេះ ជាមួយនឹងជំនួយបច្ចេកទេសបន្ថែមដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ។ ក្រុមហ៊ុន កូកាកូឡា ក៏នឹងផ្តល់ការបណ្តុះបណ្តាលផ្នែកសហគ្រិនភាព និងធុរកិច្ចដល់ស្ត្រី ដើម្បីឲ្យពួកគេអាចគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
នៅសហរដ្ឋអាមេរិក យើងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងឡាយឲ្យមានទំនាក់ទំនងជានិម្មិតរូបមួយជាមួយសហគមន៍មូលដ្ឋានដែលក្រុមហ៊ុនទាំងនោះស្ថិតនៅ។ យើងលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងនោះអនុវត្តនូវការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ផ្តល់ការងារដល់សមាជិកក្នុងសហគមន៍នោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងបង្កើនការអភិវឌ្ឍសង្គម។ ដូចដែលឯកឧត្តម អស់លោក លោកស្រីបានឃើញជាក់ស្តែងហើយ នោះគឺអ្វីដែលក្រុមហ៊ុន កូកាកូឡា កំពុងអនុវត្តសព្វថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែងពីទីភ្នាក់ងារ USAID។
សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមក ហើយខ្ញុំរង់ចាំទៅទស្សនាមជ្ឈមណ្ឌល EKO-Center ជាមួយអ្នកទាំងអស់គ្នា។
Comment
Make a general inquiry or suggest an improvement.